[​១៥៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដាក់បាត្រ​លើ​ភ្លៅ​ទាំង​ភ្នែន​។​ ​ក្រោក​ឡើង​ដោយ​ភ្លេចស្មារតី​។​ ​បាត្រ​ ​ក៏​រមៀល​ធ្លាក់​បែក​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ដាក់បាត្រ​លើ​ភ្លៅ​ទាំង​ភ្នែន​ទេ​ ​ភិក្ខុ​ណា​ដាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៥៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដាក់បាត្រ​ក្នុង​ឆត្រ​។​ ​ខ្យល់​កំបុតត្បូង​ ​ក៏​បក់​ផើយ​ ​ប៉ើង​ឆត្រ​ឡើង​។​ ​បាត្រ​ក៏​ធ្លាក់​បែក​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ដាក់បាត្រ​ក្នុង​ឆត្រ​ទេ​ ​ភិក្ខុ​ណា​ដាក់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 ​[​១៦០​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មាន​បាត្រ​នៅ​ដៃ​ ​ច្រាន​សន្ទះទ្វារ​។​ ​បាត្រ​ ​ក៏​ទង្គិច​ ​នឹង​សន្ទះទ្វារ​ ​បែក​ទៅ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មាន​បាត្រ​នៅ​ដៃ​ ​មិន​ត្រូវ​ច្រាន​សន្ទះទ្វារ​ទេ​ ​ភិក្ខុ​ណា​ច្រាន​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ១៥៤ | បន្ទាប់