បន្តុះ​បង្អាប់​ថា​ ​មិនសមបើ​ ​ពួក​សមណៈ​ ​សក្យបុត្តិយ៍​ ​ប្រើប្រាស់​បាត្រ​ក្បាល​ខ្មោច​ ​ដូច​ពួក​បិសាច​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​បាត្រ​ក្បាល​ខ្មោច​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ម្យ៉ាងទៀត​ ​ភិក្ខុ​មិន​ត្រូវជា​អ្នក​ប្រព្រឹត្ត​យក​វត្ថុ​បំសុកូល​គ្រប់មុខ​ទេ​ ​ភិក្ខុ​ណា​ប្រព្រឹត្ត​យក​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១៦៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​យក​បាត្រ​ដាក់​កាក​អាមិសៈ​ ​ដែលគេ​ចោល​ខ្លះ​ ​ឆ្អឹង​ខ្លះ​ ​ទឹកជា​ដែល​ខ្លះ​ ​ហើយ​នាំ​យក​ទៅ​ចោល​។​ ​មនុស្ស​ទាំងឡាយ​ ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​សក្យបុត្តិយ៍​ទាំងនេះ​ ​ឆាន់​ក្នុង​បាត្រ​ណា​ ​បាត្រ​នោះ​ឯង​ ​ជា​កន្ថោរ​របស់​លោក​។​ ​ភិក្ខុ​ទាំងឡាយ​ ​បាន​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​យក​បាត្រ​ ​ដាក់​កាក​អាមិសៈ​ ​ដែលគេ​ចោល​ក្តី​ ​ឆ្អឹង​ក្តី​ ​ទឹកជា​ដែល​ក្តី​ ​នាំ​យក​ទៅ​ចោល​ទេ​ ​ភិក្ខុ​ណា​នាំ​យក​ទៅ​ចោល​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​កន្ថោរ​។​
ថយ | ទំព័រទី ១៥៦ | បន្ទាប់