ដំរី១សែន សេះ១សែន រថដែលទឹមដោយមេសេះអស្សតរ១សែន ស្រីជំទង់ ដែលពាក់ដោយកុណ្ឌល ជាវិការៈ នៃកែវមណី១សែន មិនដល់ចំណិត នៃការឈានទៅ១ជំហាន ដែលបណ្ឌិតចែក ឲ្យជាចំណែក១៦ អស់វារៈ១៦ដងទេ។
ម្នាលគហបតិ អ្នកចូរឈានដើរទៅ ម្នាលគហបតិ អ្នកចូរឈានដើរទៅ ការឈានដើរទៅរបស់អ្នក ប្រសើរណាស់ ដំណើរត្រឡប់ថយក្រោយវិញ មិនប្រសើរទេ។ អនាថបិណ្ឌិកគហបតិ ក៏បាត់ងងឹតទៅវិញ អស់វារៈបីដង។ ពន្លឺក៏កើតប្រាកដឡើង។ ភ័យសេចក្តីតក់ស្លុត ព្រឺរោមនោះឯង ក៏រម្ងាប់ទៅ។ លំដាប់នោះ អនាថបិណ្ឌិកគហបតិ ចូលទៅកាន់សីតវន។
[៣៥៨] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយទ្រង់ចង្ក្រមក្នុងទីវាល។ ព្រះមានព្រះភាគ ទ្រង់ទតឃើញអនាថបិណ្ឌិកគហបតិ ដើរមកពីចម្ងាយលឹមៗ លុះទ្រង់ទតឃើញហើយ ក៏ថយចុះអំពីទីចង្ក្រម ទ្រង់គង់លើអាសនៈ ដែលគេតាក់តែងថ្វាយស្រាប់។ ព្រះមានព្រះភាគ ទ្រង់គង់ហើយ ទើបមានព្រះបន្ទូលនេះ ទៅនឹងអនាថបិណ្ឌិកគហបតិថា ម្នាលសុទត្ត អ្នកចូរមកនេះ។ ឯអនាថបិណ្ឌិកគហបតិ មានចិត្តត្រេកអរ រីករាយ ដោយគិតថា ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលត្រាស់ហៅអាត្មាអញចំឈ្មោះ ហើយ