ក៏​ជួនជា​ ​ព្រះរាជា​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​មាន​សេចក្តី​ត្រូវការ​ ​ដោយ​ផ្លែស្វាយ​ដែរ​។​ ​លំដាប់នោះ​ ​ព្រះរាជា​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ទ្រង់​បង្គាប់​មនុស្ស​ទាំងឡាយ​ថា​ ​ម្នាល​នាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ទៅ​សួន​ ​ហើយ​បេះ​ផ្លែស្វាយ​មក​។​ ​មនុស្ស​ទាំងនោះ​ ​ទទួល​ព្រះរាជឱង្ការ​ព្រះរាជា​មា​គ​ធ​សេនិយ​ពិម្ពិសារ​ ​ដោយ​ពាក្យ​ថា​ ​ព្រះករុណា​ពិសេស​ ​ហើយក៏​ទៅកាន់​សួន​ ​និយាយ​នឹង​នាយ​អារាមបាល​ ​(​អ្នករក្សា​សួន​)​ ​យ៉ាងនេះ​ថា​ ​នែ​នាយ​ ​ព្រះ​សម្មតិទេព​ ​ទ្រង់​ត្រូវការ​ដោយ​ផ្លែស្វាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ថ្វាយ​ផ្លែស្វាយ​កុំខាន​។​ ​នាយ​អារាមបាល​ ​ក៏​ឆ្លើយ​ថា​ ​បពិត្រ​លោក​ទាំងឡាយ​ ​ផ្លែស្វាយ​គ្មាន​ទេ​ ​ព្រោះ​ពួក​ភិក្ខុ​ ​បេះ​ផ្លែ​ស្វាយ​ខ្ចី​ៗ​ ​យក​ទៅ​ឆាន់​អស់ហើយ​។​ ​លំដាប់នោះ​ ​មនុស្ស​ទាំងនោះ​ ​ក៏​នាំ​យក​សេចក្តី​នុ៎ះ​ ​ទៅ​ក្រាបបង្គំទូល​ព្រះរាជា​មា​គ​ធ​សេនិយ​ពិម្ពិសារ​។​ ​ព្រះមហាក្សត្រ​ ​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​នាយ​ ​លោកម្ចាស់​ទាំងឡាយ​ ​បាន​ឆាន់​ផ្លែស្វាយ​ ​ក៏​ជា​ការ​ប្រពៃ​ហើយ​ ​តែថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សរសើរ​ការ​ដឹង​ប្រមាណ​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ពួក​សមណៈ​ ​សក្យបុត្តិយ៍​ ​មិនសមបើ​ ​នឹង​ឆាន់​ផ្លែស្វាយ​ ​របស់​ព្រះរាជា​ ​មិនដឹង​ប្រមាណ​សោះ​។​ ​ភិក្ខុ​ទាំងឡាយ​ ​បានឮ​មនុស្ស​ទាំងនោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​។​បេ​។​
ថយ | ទំព័រទី ១៣៧ | បន្ទាប់