[១៩៤] សម័យនោះឯង រោងភ្លើងមានទីដីទាប។ ទឹក (ជោរជន់មក) ក៏លិច រោងភ្លើងនោះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីដីឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចុះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យកពូនខឿន៣យ៉ាង ខឿនឥដ្ឋ១ ខឿនថ្ម១ ខឿនឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏លំបាក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតជណ្តើរ៣យ៉ាង គឺជណ្តើរឥដ្ឋ១ ជណ្តើរថ្ម១ ជណ្តើរឈើ១។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមកវិញ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតបង្កាន់ដៃ។ រោងភ្លើង មិនទាន់មានទ្វារ បង្អួចនៅឡើយ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតសន្ទះទ្វារ ក្របទ្វារ ត្បាល់ ឬដំណាប់ក្រោម ឈើអន្ទាក់លើ (ដំណាប់លើ) សសររបស់សន្ទះទ្វារ ត្រដោកទ្វារ រនុកទ្វារ គន្លឹះទ្វារ មេសោ ប្រហោងសម្រាប់ទាញ និងខ្សែសម្រាប់ទាញ (បិទបើក)។ ជើងជញ្ជាំងរោងភ្លើងក៏ពុក។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ