បើ​ដូច្នោះ​ ​យើង​នឹង​រៀន​វិន័យ​ ​ក្នុង​សំណាក់​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ចុះ​។​ ​ភិក្ខុ​ច្រើន​អង្គ​ទាំងនោះ​ ​ទោះជា​ថេរៈ​ក្តី​ ​ខ្ចី​ក្តី​ ​កណ្តាល​ក្តី​ ​តែង​នាំគ្នា​មក​រៀន​វិន័យ​ ​ក្នុង​សំណាក់​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​។​ ​ព្រះ​ថេរៈ​ ​ឈ្មោះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ក៏​ចេះតែ​ឈរ​ ​សំដែង​ ​(​វិន័យ​)​ ​ដោយ​សេចក្តី​គោរព​ ​ចំពោះ​ពួក​ភិក្ខុ​ជា​ថេរៈ​។​ ​ឯ​ពួក​ភិក្ខុ​ជា​ថេរៈ​ ​ក៏​ឈរ​ឲ្យ​លោក​សំដែង​ ​(​វិន័យ​)​ ​ដោយ​សេចក្តី​គោរព​ក្នុង​ធម៌​ដែរ​។​ ​បណ្តា​ភិក្ខុ​ទាំងនោះ​ ​ពួក​ភិក្ខុ​ជា​ថេរៈ​ក្តី​ ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ក្តី​ ​ក៏​លំបាក​ ​(​ពេក​ណាស់​)​។​ ​ពួក​ភិក្ខុ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ខ្ចី​ដែល​សំដែង​ ​(​វិន័យ​)​ ​អង្គុយ​លើ​អាសនៈ​ស្មើគ្នា​ក៏បាន​ ​ខ្ពស់​ជាង​ក៏បាន​ ​ដោយ​សេចក្តី​គោរព​ក្នុង​ធម៌​ ​និង​អនុញ្ញាត​ឲ្យ​ភិក្ខុ​ជា​ថេរៈ​ ​ដែល​និមន្ត​ភិក្ខុ​ខ្ចីឲ្យ​សំដែង​វិន័យ​ ​អង្គុយ​លើ​អាសនៈ​ស្មើគ្នា​ក៏បាន​ ​ទាប​ជាង​ណាស់​ទៅ​ក៏បាន​ ​ដោយ​សេចក្តី​គោរព​ក្នុង​ធម៌​។​
 [​៣៩៥​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ច្រើន​រូប​ ​នាំគ្នា​ឈរ​រៀន​បាលី​ ​ក្នុង​សំណាក់​នៃ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ ​ក៏​លំបាក​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ដែល​មាន​អាសនៈ​ស្មើគ្នា​ ​អង្គុយ​ជាមួយគ្នា​បាន​។​
ថយ | ទំព័រទី ៣៣៤ | បន្ទាប់