ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​កាត់​ជើង​អាសនៈ​ ​ដែល​កន្លង​ហួសប្រមាណ​ ​ហើយ​សឹម​ប្រើប្រាស់​ ​ឲ្យ​ទំ​លាយ​រូប​សត្វ​សាហាវ​នៃ​គ្រែ​មាន​ជើង​វិចិត្រ​ដោយ​រូប​សត្វ​សាហាវ​ ​ហើយ​សឹម​ប្រើប្រាស់​ ​ឲ្យ​កកាយ​កម្រាល​ដែល​ញាត់​គ​ ​យក​មក​ធ្វើជា​ខ្នើយ​ ​អាសនៈ​ក្រៅអំពី​នោះ​ ​យក​មក​ធ្វើជា​កម្រាល​សម្រាប់​ក្រាល​លើ​ផែនដី​បាន​។​
 [​៤០២​]​ ​សម័យ​នោះ​ឯង​ ​ពួក​អាវាសិក​ភិក្ខុ​ ​នៅក្នុង​អាវាស​ជិត​ស្រុក​តូច១​ ​មិន​ឆ្ងាយ​ពី​ក្រុង​សាវត្ថី​ ​មាន​សេចក្តី​លំបាក​នឹង​រៀបចំ​ក្រាល​សេនាសនៈ​បម្រុង​ពួក​ភិក្ខុ​មក​ថ្មី​ ​និង​ពួក​ភិក្ខុ​រៀប​ដំណើរ​ទៅ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​គិត​គ្នា​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ឥឡូវនេះ​ ​ពួក​យើង​លំបាក​នឹង​ក្រាល​សេនាសនៈ​បម្រុង​ពួក​ភិក្ខុ​មក​ថ្មី​ ​និង​ពួក​ភិក្ខុ​រៀប​ដំណើរ​ទៅ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​យើង​នឹង​ប្រគល់​សេនាសនៈ​ទាំងអស់​ ​ជា​របស់​សង្ឃ​ ​ទៅ​ភិក្ខុ​មួយ​រូប​ ​ឯ​យើង​រាល់គ្នា​ ​ចាំ​ប្រើប្រាស់​ទ្រព្យរបស់​ ​ដោយសារ​ភិក្ខុ​នោះ​វិញ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ប្រគល់​សេនាសនៈ​ទាំងអស់​ ​ជា​របស់​សង្ឃ​ ​ទៅ​ភិក្ខុ​មួយ​រូប​។​ ​ពួក​អាគន្តុក​ភិក្ខុ​និយាយ​ពាក្យ​នេះ​ ​នឹង​អាវាសិក​ភិក្ខុ​នោះ​ថា​ ​ម្នាល​អាវុសោ​ ​ចូរ​លោក​រៀបចំ​សេនាសនៈ​បម្រុង​យើង​។​ ​
ថយ | ទំព័រទី ៣៣៨ | បន្ទាប់