[​១៦២​]​ ​សួរ​ថា​ ​ការ​ចោទ​ ​មាន​អ្វី​ជា​ខាងដើម​ ​អ្វី​ជា​កណ្តាល​ ​អ្វី​ជាទីបំផុត​។​ ​ឆ្លើយ​ថា​ ​ការ​ចោទ​ ​មានឱកាស​កម្ម​ ​គឺ​សូមឱកាស​ ​ជា​ខាងដើម​ ​មាន​កិរិយា​ ​គឺ​អំពើ​ដែល​វិន័យធរ​ត្រូវ​ធ្វើ​ ​ជា​កណ្តាល​ ​មាន​សមថៈ​ ​គឺ​សេចក្តី​រម្ងាប់​ ​ជាទីបំផុត​។​ ​សួរ​ថា​ ​ការ​ចោទ​ ​មាន​មូល​ប៉ុន្មាន​ ​មាន​វត្ថុ​ប៉ុន្មាន​ ​មាន​ភូមិ​ប៉ុន្មាន​ ​បុគ្គល​ចោទ​ដោយ​អាការ​ប៉ុន្មាន​។​ ​ឆ្លើយ​ថា​ ​ការ​ចោទ​ ​មាន​មូល២​ ​មាន​វត្ថុ៣​ ​មាន​ភូមិ៥​ ​បុគ្គល​ចោទ​ដោយ​អាការ២​។​ ​សួរ​ថា​ ​ការ​ចោទ​មាន​មូល២​ ​គឺ​អ្វីខ្លះ​។​ ​ឆ្លើយ​ថា​ ​ការ​ចោទ​ ​មាន​មូល២នេះ​ ​គឺ​ចោទ​ដោយមាន​មូល១​ ​ចោទ​ដោយ​មិន​មាន​មូល១​។​ ​សួរ​ថា​ ​ការ​ចោទ​មាន​វត្ថុ៣​ ​គឺ​អ្វីខ្លះ​។​ ​ឆ្លើយ​ថា​ ​ការ​ចោទ​មាន​វត្ថុ៣​ ​នេះ​ ​គឺ​ដោយ​បានឃើញ១​ ​ដោយ​បានឮ១​ ​ដោយ​បាន​រង្កៀស១​។​ ​សួរ​ថា​ ​ការ​ចោទ​មាន​ភូមិ៥​ ​គឺ​អ្វីខ្លះ​។​ ​ឆ្លើយ​ថា​ ​ការ​ចោទ​មាន​ភូមិ៥នេះ​ ​គឺ​ពោល​ត្រូវ​តាមកាល​ ​មិន​ពោល​ខុសកាល១​ ​ពោល​ពាក្យពិត​ ​មិន​ពោល​ពាក្យ​ដែល​មិន​ពិត១​ ​ពោល​ពាក្យ​ផ្អែមល្ហែម​ ​មិន​ពោល​ពាក្យទ្រគោះ១​ ​ពោល​ពាក្យ​ប្រកបដោយ​ប្រយោជន៍​ ​មិន​ពោល​ពាក្យ​ដែល​មិន​ប្រកបដោយ​ប្រយោជន៍១​ ​ពោល​ដោយ​មេត្តាចិត្ត​ ​មិន​ពោល​ដោយ​សេចក្តី​ស្អប់១​។​ ​សួរ​ថា​ ​បុគ្គល​ចោទ​ដោយ​អាការ២​ ​គឺ​អ្វីខ្លះ​។​ ​ឆ្លើយ​ថា​ ​បុគ្គល​ចោទ​ដោយ​អាការ២នេះ​ ​គឺ​ចោទ​ដោយ​កាយ១​ ​ចោទ​ដោយ​វាចា១​។​
ថយ | ទំព័រទី ១៨២ | បន្ទាប់