នែអ្នកដ៏ចំរើន ចុះសំឡេងនោះ ជាសំឡេងអ្វី បានជាគួរឲ្យយើ់ងត្រេកអរ អ្វីដល់ម្ល៉េះ គួរឲ្យចង់ស្តាប់អ្វីម្ល៉េះ គួរឲ្យភាន់ភាំងអ្វីម្ល៉េះ គួរឲ្យជាប់ចិត្តអ្វីម្ល៉ះ គួរឲ្យរសាយទុក្ខអ្វីម្ល៉េះ។ បុរសអ្នកផ្លុំស័ង្ខ និយាយថា ម្នាលអ្នកដ៏ចំរើន សំឡេងដែលគួរឲ្យអ្នកផងត្រេកអរយ៉ាងនេះ គួរឲ្យចង់ស្តាប់យ៉ាងនេះ គួរឲ្យភាន់ភាំងយ៉ាងនេះ គួរឲ្យជាប់ចិត្តយ៉ាងនេះ គួរឲ្យរសាយទុក្ខយ៉ាងនេះ សំឡេងនោះ គឺជាសំឡេងស័ង្ខនេះឯង។ មនុស្សទាំងនោះ ក៏ផ្តេកស័ង្ខនោះ ឲ្យផ្ងារឡើង ហើយនិយាយថា នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល។ ស័ង្ខនោះ ក៏មិនបន្លឺ (សំឡេង)សោះ។ មនុស្សទាំងនោះ ក៏ផ្កាប់ស័ង្ខនោះ ហើយផ្តេកទៅម្ខាង ផ្តេកទៅម្ខាងទៀត ហើយលើកបញ្ឈរឡើង សំយុងចុះ យកដៃគោះ យកដុំដីគោះ យកដំបងគោះ យកគ្រឿងសស្ត្រាគោះ ប្រមៀលមក ប្រមៀលទៅ ប្រមៀលចុះ ប្រមៀលឡើង ហើយនិយាយថា នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល នែស័ង្ខដ៏ចំរើន ចូរឯងបន្លឺ (សំឡេង)ទៅមើល។ ស័ង្ខនោះ ក៏នៅតែមិនបន្លឺ (សំឡេង)សោះ។ បពិត្ររាជញ្ញៈ លំដាប់នោះ អ្នកផ្លុំស័ង្ខនោះ មានសេចក្តីត្រិះរិះដូច្នេះថា ពួកមនុស្សអ្នកនៅក្នុងបច្ចន្តជនបទទាំងអស់នេះ ហៅពេញជាមនុស្សល្ងង់