[២១៨] ព្រះមានព្រះភាគត្រាស់ថា សទ្ធា រមែងចងទុកនូវស្បៀង គឺកុសល សិរី ជាទីនៅអាស្រ័យនៃភោគៈទាំងឡាយ សេចក្តីប្រាថ្នា រមែងភើចកន្ទ្រាក់នរជនទៅ សេចក្តីប្រាថ្នា កម្របុគ្គលលះបង់បានក្នុងលោក សត្វមានកិលេសក្រាស់ រមែងជាប់នៅ ក្នុងសេចក្តីប្រាថ្នា ដូចជាបក្សីជាប់អន្ទាក់។
បជ្ជោតសូត្រ ទី១០
[២១៩] ទេវតាទូលថា អ្វី ជាគ្រឿងបំភ្លឺក្នុងលោក អ្វី ជាគ្រឿងភ្ញាក់រឭកក្នុងលោក អ្វី ជាសម្លាញ់ក្នុងការងារ របស់ពួកជនអ្នកចិញ្ចឹមជីវិត អ្វី ជាគ្រឿងចិញ្ចឹមជីវិតរបស់ពួកសត្វនោះ អ្វី តែងចិញ្ចឹមនូវបុគ្គលខ្ជិល និងមិនខ្ជិល ដូចជាមាតាចិញ្ចឹមបុត្ត ពួកសត្វណា ដែលអាស្រ័យផែនដី សត្វទាំងនោះ តែងរស់នៅនឹងអ្វី។