ភាពជាសមណៈ ដែលអ្នកបួសកាន់មិនល្អ តែងប្រទាញចូល ទៅក្នុងនរក ដូចជាស្បូវដែលបុគ្គលកាន់មិនល្អ តែងមុតដៃ ដូច្នោះឯង ការងារណាមួយដ៏ធូរៗក្តី វត្តណាមួយ ដ៏សៅហ្មងក្តី ព្រហ្មចរិយធម៌ណាមួយ ដែលបុគ្គលប្រព្រឹត្តដោយសេចក្តីរង្កៀសក្តី កិច្ចនោះ ជាកិច្ចមិនមានផលធំឡើយ។
តាយនទេវបុត្ត បានពោលពាក្យនេះ លុះពោលពាក្យនេះរួច ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ក្នុងទីនោះឯង។
[២៤២] កាលរាត្រីនោះកន្លងទៅ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ កាលរាត្រីបឋមយាមកន្លងទៅហើយ តាយនទេវបុត្ត ជាបុរាណតិត្ថករ មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺ ចូលមករកតថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំតថាគត ឋិតនៅក្នុងទីសមគួរ។ លុះតាយនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលគាថាទាំងនេះ ក្នុងសំណាក់តថាគតថា