អនាថបិណ្ឌិកវគ្គ ទី២
ចន្ទិមសសូត្រ ទី១
[២៥៣] ក្នុងអារាមជិតក្រុងសាវត្ថី... គ្រាកាលដែលរាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ ចន្ទិមសៈ មានរស្មីរុងរឿង ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំចំពោះព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីសមគួរ។
[២៥៤] ចន្ទិមសទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលនូវគាថានេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
ជនទាំងឡាយណា បានដល់នូវឈាន មានចិត្តតាំងនៅក្នុងអារម្មណ៍តែមួយ មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន មានសតិ ជនទាំងឡាយនោះ នឹងដល់នូវសួស្តី ដូចជាម្រឹគនៅក្នុងកៀន(១) ដែលមិនមានសត្វមូស។
(១) កៀនភ្នំ ឬកៀនទន្លេ។