សីលៈ បានដល់សម្មាវាចា សម្មាកម្មន្តៈ និងសម្មាអាជីវៈ ឈ្មោះថាជីវិតដ៏ឧត្តម មិនមែនបរិសុទ្ធដោយគោត្រ មិនមែនបរិសុទ្ធដោយទ្រព្យ ព្រោះហេតុនោះឯង បុរសជាបណ្ឌិត កាលបើឃើញច្បាស់ នូវប្រយោជន៍ របស់ខ្លួន គួរតែពិចារណានូវធម៌ ដោយឧបាយនៃប្រាជ្ញា រមែងបរិសុទ្ធ ក្នុងអរិយមគ្គនោះ យ៉ាងនេះឯង ព្រះសារីបុត្ត ទើបជាបុគ្គល (ប្រសើរ) ដោយបញ្ញាផង ដោយសីលផង ដោយការស្ងប់រម្ងាប់ផង ភិក្ខុដែលប្រសើរដោយគុណធម៌ប៉ុណ្ណេះ ទើបគួរជាអ្នកដល់នូវព្រះនិព្វាន។
ម្នាលភិក្ខុទាំងឡាយ ទេវបុត្តនោះ បានពោលគាថានេះ លុះពោលដូច្នេះហើយ ក្រាបថ្វាយបង្គំតថាគត ធ្វើប្រទក្សិណហើយ ក៏បាត់អំពីទីនោះទៅ។
[២៧៩] កាលបើព្រះមានព្រះភាគទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទេវបុត្តនោះឯង ប្រាកដជាអនាថបិណ្ឌិក ព្រោះអនាថបិណ្ឌិកគហបតី ជ្រះថ្លាក្រៃពេក ក្នុងព្រះសារីបុត្តមានអាយុ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ មែនណាស់ហើយ