បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាទាយក ជាម្ចាស់នៃទាន ជាអ្នកពោលសរសើរទានជាប្រក្រតី កាលបើមានគេពោលថា យើងនឹងឲ្យទាន តើអាត្មាអញ គួរពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏បានឲ្យទ្វារទីបួន ដល់ពួកព្រាហ្មណ៍ និងគហបតី ពួកព្រាហ្មណ៍ និងគហបតី ក៏បានឲ្យទាន ក្នុងទ្វារទីបួននោះ ឯទានរបស់ខ្ញុំព្រះអង្គ ក៏ថយចេញអស់។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួករាជបុរស ចូលមករកខ្ញុំព្រះអង្គ ហើយពោលពាក្យដូច្នេះថា ឥឡូវនេះ ព្រះសម្មតិទេព មិនដែលឲ្យទាន ក្នុងទីណាមួយឡើយ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើពួករាជបុរស ក្រាបទូលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏ពោលតប ទៅនឹងពួករាជបុរសទាំងនោះ ដូច្នេះថា នែព្រះស្តែង បើដូច្នោះ សួយណា ដែលកើតឡើង ក្នុងជនបទទាំងឡាយខាងក្រៅ អ្នកទាំងឡាយ ចូរញុំាងសួយពាក់កណ្តាលអំពីសួយនោះ ឲ្យចូលមកកាន់ព្រះរាជវាំង ហើយចូរឲ្យទានពាក់កណ្តាល ដល់សមណព្រាហ្មណ៍ អ្នកកំសត់ អ្នកដើរផ្លូវឆ្ងាយ អ្នកពណ៌នាហើយសូម និងស្មូមទាំងឡាយ ក្នុងជនបទនោះចុះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ