ព្រោះហេតុនោះ បុរសជាបណ្ឌិត កាលបើឃើញច្បាស់នូវភ័យនៃខ្លួន គប្បីប្រព្រឹត្តឲ្យស្មើដោយប្រពៃ ចំពោះពស់ផង ភ្លើងផង ក្សត្រិយ៍ដែលមានយសផង និងភិក្ខុដែលបរិបូណ៌ដោយសីលផង។
[៣៣១] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះបាទបសេនទិកោសល ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ដូចបុគ្គលផ្ងារ នូវរបស់ដែលផ្កាប់ ឬបើកនូវរបស់ដែលកំបាំង ពុំនោះសោត ដូចបុគ្គលប្រាប់ផ្លូវដល់មនុស្សអ្នកវង្វេងទិស ឬទ្រោលនូវប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានភ្នែក រមែងឃើញរូបទាំងឡាយបាន យ៉ាងណាមិញ ធម៌ដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគ ទាំងព្រះធម៌ ទាំងភិក្ខុសង្ឃ ថាជាទីពឹង ទីរឭក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងតែអំពីថ្ងៃនេះជាដើមទៅ។