[៣៣៦] ព្រះអង្គត្រាស់ថា បពិត្រមហារាជ សត្វដែលកើតហើយ វៀរចាកជរា និងមរណៈបាន មិនមានទេ បពិត្រមហារាជ ពួកខតិ្តយមហាសាលណា ដែលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាសនិងប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន សូម្បីពួកខត្តិយមហាសាលទាំងនោះ ដែលកើតហើយ វៀរចាកជរា និងមរណៈ មិនមានទេ បពិត្រមហារាជ ពួកព្រាហ្មណមហាសាលណា។បេ។ ពួកគហបតិមហាសាល អ្នកស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាស និងប្រាក់ច្រើន មានគ្រឿងឧបករណ៍ ជាទីត្រេកអរច្រើន មានទ្រព្យ និងស្រូវច្រើន សូម្បីពួកគហបតិមហាសាលទាំងនោះ ដែលកើតហើយ វៀរចាកជរា និងមរណៈ ក៏មិនមានដែរ បពិត្រមហារាជ ទុកជាពួកភិក្ខុណា ជាព្រះអរហន្ត មានអាសវៈអស់ហើយ មានព្រហ្មចរិយធម៌បានប្រព្រឹត្តហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានអរហត្តផល ជាប្រយោជន៍របស់ខ្លួនបានសម្រេចហើយ មានភវសញ្ញោជនៈអស់រលីងហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ សូម្បីកាយនេះ របស់ព្រះអរហន្តនោះ ក៏គង់មានកិរិយាបែកធ្លាយទៅជាធម្មតា មានកិរិយាដាក់ចុះជាធម្មតា។