សមិទ្ធិសូត្រ ទី១០
[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងតបោទារាម ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ចូលទៅឯស្ទឹងតបោទា ដើម្បីស្រោចស្រប់ខ្លួន លុះស្រោចស្រប់ខ្លួន ក្នុងអន្លង់ដែលមានទឹកក្តៅរួចហើយ ឡើងមក មានតែចីវរ១ ឈរសំដិលខ្លួន។
[៤៦] លុះរាត្រីបឋមយាមកន្លងហើយ កាលនោះ ទេវតា១អង្គ មានរស្មីដ៏រុងរឿង ញុំាងស្ទឹងតបោទាទាំងមូល ឲ្យរុងរឿង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ក៏ឋិតនៅនាអាកាស ពោលគាថា នឹងព្រះសមិទ្ធិមានអាយុថា
នែភិក្ខុ លោកមិននៅបរិភោគ (កាមគុណ) មកដើរបិណ្ឌបាត ម្តេចក៏លោកមិនបរិភោគ ហើយសឹមត្រាច់បិណ្ឌបាត នែភិក្ខុ ចូរលោកបរិភោគកាម ហើយសឹមត្រាច់បិណ្ឌបាតចុះ កុំឲ្យកាល (នៅក្មេង) កន្លងហួសលោកឡើយ។