[៣៧៨] គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងពេលក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកទៅច្បាំងនឹងព្រះបាទបសេនទិកោសល ឰដ៏ដែនកាសីឯណោះ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទបសេនទិកោសល បានឮដំណឹងថា ព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ រៀបចតុរង្គសេនា លើកមកច្បាំងនឹងព្រះអង្គ ឰដ៏ដែនកាសីហើយ បពិត្រព្រះអង្គដ៏ចំរើន ទើបព្រះបាទបសេនទិកោសល រៀបចតុរង្គសេនា ទៅចាំតទល់គ្នា នឹងព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ឰដ៏ដែនកាសី បពិត្រព្រះអង្គដ៏ចំរើន ឯព្រះបាទអជាតសត្តុ វេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ និងព្រះបាទបសេនទិកោសល ក៏ច្បាំងគ្នា