ឬក៏ត្រកូលធ្វើរថ ត្រកូលអ្នកចោលសម្រាម ជាត្រកូលអ្នកក្រីក្រ មិនសូវមានបាយទឹក និងភោជន ចិញ្ចឹមជីវិតដោយលំបាក រកបាយបរិភោគ និងសំពត់ស្លៀកបានដោយលំបាក បុគ្គលនោះ មានសម្បុរក៏អាក្រក់ មិនគួរមើល ទាបតឿ មានអាពាធច្រើន ខ្វាក់ភ្នែក ឬក្ងែងក្ងង់ ខ្ចក ឬខ្វិន រកបាយ ទឹក សំពត់ស្លៀក យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងស្រឡាប ទីដេក ទីសំណាក់អាស្រ័យ និងគ្រឿងឧបករណ៍នៃប្រទីប មិនបានជាប្រក្រតី។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ បែកធ្លាយរាងកាយ ខាងមុខបន្ទាប់អំពីសេចក្តីស្លាប់ ក៏ចូលទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ និងនរក។ បពិត្រមហារាជ ប្រៀបដូចជាបុរស ចេញអំពីទីងងឹតឈឹង ទៅកាន់ទីងងឹតឈឹង ឬចេញអំពីទីងងឹតព្រិលៗ ទៅកាន់ទីងងឹតព្រិលៗ ចេញអំពីទីមន្ទិលក្រហម ទៅកាន់ទីមន្ទិលក្រហម យ៉ាងណា បពិត្រមហារាជ តថាគតពោលថា បុគ្គលនេះ ក៏យ៉ាងនោះដែរ។ បពិត្រមហារាជ យ៉ាងនេះឯង ហៅថា បុគ្គលងងឹត មានងងឹតទៅខាងមុខ។