ទេវតាតបថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ ដោយសេចក្តីសង្ខេបនេះ ខ្ញុំព្រះអង្គមិនយល់សេចក្តី ដោយពិស្តារទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូមអង្វរ សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដែលព្រះមានព្រះភាគទ្រង់ត្រាស់ ដោយសេចក្តីសង្ខេបនេះ ឲ្យខ្ញុំព្រះអង្គយល់ ដោយពិស្តារ។
[៥៥] ព្រះមានព្រះភាគត្រាស់ថា បុគ្គលបានលះបង់នូវកង្វល់ហើយ រមែងមិនមករកវិមាន (ផ្ទៃនៃមាតាទៀត) ទេ បុគ្គលបានផ្តាច់បង់ចំណង់ក្នុងនាមរូបនេះហើយ ពួកទេវតា និងមនុស្សទាំងឡាយ រកមើលនូវបុគ្គលដែលផ្តាច់ធម៌ ជាគ្រឿងចាក់ស្រែះ ដែលមិនមានទុក្ខ មិនមានសេចក្តីអាឡោះអាឡ័យនោះ ក្នុងលោកនេះ ឬក្នុងលោកខាងមុខ ក្នុងឋានសួគ៌ ឬក្នុងលំនៅរបស់សត្វ(១) គ្រប់កន្លែងមិនឃើញទេ ម្នាលទេវតា បើអ្នកដឹងច្បាស់ អ្នកចូរនិយាយមកចុះ។
(១) ទីលំនៅរបស់សត្វ ក្នុងទីនេះ បានដល់ ភព៣ កំណើត៤ គតិ៥ វិញ្ញាណដ្ឋិតិ៧ លំនៅរបស់សត្វ ទាំង៩។