ខន្ធបញ្ចកៈណា គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ បុគ្គលនឿយណាយ ក្នុងខន្ធបញ្ចកៈនោះ យ៉ាងនេះថា នុ៎ះមិនមែនជាអាត្មាអញ នុ៎ះមិនមែនជារបស់អញ សូម្បីមារ និងសេនានៃមារ កាលស្វែងរកក្នុងឋានទាំងពួង ក៏មិនបានឃើញនូវអត្តភាពក្សេមក្សាន្ត ប្រាសចាកតម្រេក កន្លងបង់នូវសំយោជនៈទាំងពួង យ៉ាងនេះឡើយ។
គ្រានោះឯង មារមានចិត្តបាប។បេ។ ក៏បាត់ចាកទីនោះទៅ។
អាយតនសូត្រ ទី៧
[៤៦៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់លើកយកផស្សាយតនៈ ទាំង៦ប្រការ មកពន្យល់ភិក្ខុទាំងឡាយ ឲ្យយល់ជាក់ ឲ្យកាន់តាម ឲ្យកើតសេចក្តីខ្មីឃ្មាត ឲ្យរីករាយ ដោយធម្មីកថា។ ឯភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូលមកនូវចិត្តទាំងពួង ផ្ទៀងសោតប្រសាទ ប្រុងស្តាប់ធម៌។ គ្រានោះឯង មារមានចិត្តបាប មានសេចក្តីត្រិះរិះ យ៉ាងនេះថា