បង្គំទូលព្រះមានជោគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជាអ្នកមិនប្រមាទ ព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិតព្រះអង្គឯណោះ បពិត្រព្រះអង្គដ៏ចំរើន ស្រាប់តែមានព្រាហ្មណ៍ម្នាក់ មានផ្នួងសក់ធំ ស្លៀកដណ្តប់ស្បែកខ្លាទាំងក្រចក ជាមនុស្សចាស់ជរា មានកាយកោង ដូចបង្កង់ផ្ទះ ដកដង្ហើមឮឃរូកៗ កាន់ឈើច្រត់ដើមល្វា ចូលទៅរកពួកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ បាននិយាយនឹងពួកខ្ញុំព្រះអង្គ យ៉ាងនេះថា លោកទាំងឡាយដ៏ចម្រើន ជាអ្នកបួស នៅក្មេងកម្លោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យល្អ គឺបឋមវ័យ មិនទាន់ដែលលេងក្នុងកាមទាំងឡាយ ចូរលោកដ៏ចម្រើនទាំងឡាយ បរិភោគកាម ជារបស់មនុស្សសិន កុំលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមឡើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រាហ្មណ៍នោះ ពោលយ៉ាងនេះ ពួកខ្ញុំព្រះអង្គ ក៏បានតបនឹងព្រាហ្មណ៍នោះ ដូច្នេះថា ម្នាលព្រាហ្មណ៍ យើងមិនមែនលះបង់សន្ទិដ្ឋិកកាម ស្ទុះទៅរកកាលិកកាមទេ ម្នាលព្រាហ្មណ៍ ពួកយើងលះបង់កាលិកកាម ស្ទុះទៅរកសន្ទិដ្ឋិកលោកុត្តរធម៌ទេតើ ម្នាលព្រាហ្មណ៍ ព្រោះថា កាលិកកាមទាំងឡាយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា មានទុក្ខច្រើន