សមិទ្ធិសូត្រ ទី២
[៤៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុក សិលាវតី ក្នុងដែនសក្កៈ។ សម័យនោះឯង ព្រះសមិទ្ធិមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយនៅក្នុងទីជិត នៃព្រះមានព្រះភាគ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំនៅក្នុងកម្មដ្ឋាន មានសេចក្តីត្រិះរិះ កើតឡើងក្នុងចិត្ត យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានព្រះអរហន្ត សម្មាសម្ពុទ្ធជាគ្រូ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ បានបួសក្នុងធម្មវិន័យ ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ហើយដោយប្រពៃ យ៉ាងនេះ អាត្មាអញ ពេញជាមានលាភ អត្តភាពជាមនុស្ស អាត្មាអញ ពេញជាបានដោយល្អ ព្រោះអាត្មាអញ មានពួកបុគ្គលមានសីល មានធម៌ដ៏ល្អ ជាសព្រហ្មចារី។