គោធិកសូត្រ ទី៣
[៤៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះគោធិកៈមានអាយុ នៅក្នុងកាឡសិលា ខាងភ្នំឥសិគិលិ។
[៤៩៣] គ្រានោះឯង ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា។ លំដាប់នោះឯង ព្រះគោធិកៈមានអាយុ សាបសូន្យចាកចេតោវិមុត្តិ ដែលប្រកបតាមកាលវេលានោះ។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយក៏បាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈ ជាគម្រប់ពីរដង។ ព្រះគោធិកៈមានអាយុ សាបសូន្យ ចាកចេតោវិមុត្តិ ប្រកបតាមកាលវេលានោះ អស់វារៈជាគម្រប់ពីរដងទៀត។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈ ជាគម្រប់បីដង។