ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យ ចាកចេតោវិមុត្តិនោះ អស់វារៈជាគម្រប់បីដង។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ។បេ។ បាននូវចេតោវិមុត្តិ អស់វារៈជាគម្រប់៤ដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិនោះ អស់វារៈជាគម្រប់៤ដង។ ព្រះគោធិកៈមានអាយុ។បេ។ បាននូវចេតោវិមុត្តិ អស់វារៈ ជាគម្រប់៥ដង។ ព្រះគោធិកៈមានអាយុ។បេ។ សាបសូន្យចាកចេតោវិមុត្តិ អស់វារៈជាគម្រប់៥ដង។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយបាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈជាគម្រប់៦ដង។ ព្រះគោធិកៈមានអាយុ សាបសូន្យចាកចេតោវិមុត្តិ ប្រកបតាមកាលវេលានោះ អស់វារៈ ជាគម្រប់៦ដងទៀត។ ព្រះគោធិកៈមានអាយុ ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ហើយក៏បាននូវចេតោវិមុត្តិ ប្រកបតាមកាលវេលា អស់វារៈជាគម្រប់៧ដង។ គ្រានោះឯង ព្រះគោធិកៈមានអាយុ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ សាបសូន្យចាកចេតោវិមុត្តិ ប្រកបតាមកាល ដរាបអស់វារៈជាគម្រប់៦ដងហើយ បើដូច្នោះ គួរតែអាត្មាអញ យកកាំបិតមក។