[៥០៧] មារពោលតបថា បពិត្រព្រះអង្គដ៏ចំរើន ស្រុក ឬនិគម មានស្រះបោក្ខរណីនៅជិត ក្នុងស្រះនោះ មានក្តាម១ បពិត្រព្រះអង្គដ៏ចំរើន សម័យនោះឯង ពួកក្មេងប្រុស ឬក្មេងស្រី ច្រើននាក់ នាំគ្នាចេញទៅអំពីស្រុក ឬនិគមនោះ ចូលសំដៅទៅរកស្រះបោក្ខរណី លុះចូលទៅដល់ហើយ ទើបស្រង់ក្តាមនោះ អំពីទឹក មកដាក់លើគោក បពិត្រព្រះអង្គដ៏ចំរើន ក្តាមនោះ លានូវជើងណាៗ ពួកក្មេងប្រុស ឬក្មេងស្រី ក៏យកកំណាត់ឈើ ឬអំបែង មកកាច់បំបាក់ កម្ទេចចោល នូវជើងនោះៗទៅ បពិត្រព្រះអង្គដ៏ចំរើន លុះក្តាមនោះ មានជើងទាំងអស់ ត្រូវគេកាច់បំបាក់ កម្ទេចចោល យ៉ាងនេះហើយ ក៏មិនគួរនឹងចុះកាន់ស្រះបោក្ខរណីនោះ ឲ្យដូចជាក្នុងពេលមុនបានទៀតឡើយ មានឧបមាដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន មានឧបមេយ្យដូចយ៉ាងអំពើណាមួយ ដែលជាចម្រូងចម្រាស់ ជាទំនាស់ ញាប់ញ័រ អំពើទាំងអស់នោះ ព្រះមានព្រះភាគ បានកាច់បំបាក់ កម្ទេចចោលហើយ បពិត្រព្រះអង្គដ៏ចំរើន ក្នុងកាលឥឡូវនេះ ខ្ញុំព្រះអង្គ មិនគួរនឹងចូលទៅរមិលមើលទោស ចំពោះព្រះមានព្រះភាគបានទៀតឡើយ។