[៥២៤] ព្រះតថាគតទាំងឡាយ មានព្យាយាមធំ តែងដឹកនាំសត្វ ដោយព្រះសទ្ធម្ម ច្រណែនអ្វីដល់ព្រះតថាគតទាំងឡាយ ដែលជាអ្នកប្រាជ្ញ អាចដឹកនាំសត្វដោយធម៌។
[៥២៥] លំដាប់នោះ ធីតារបស់មារ ឈ្មោះនាងតណ្ហា១ អរតី១ រាគា១ បាននាំគ្នាចូលទៅរកមារមានចិត្តបាប។ មារមានចិត្តបាប ក៏បានឃើញនូវមារធីតាឈ្មោះ នាងតណ្ហា១ អរតី១ រាគា១ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលដោយគាថាទាំងឡាយ ដូច្នេះថា
នាងទាំងឡាយជាពាល ញាំញីភ្នំ ដោយដើមកុមុទ ជីកភ្នំ ដោយក្រចក ទំពាដែក ដោយធ្មេញ ហាក់ដូចជាយកដុំថ្ម មកតំកល់លើក្បាល ហើយស្វែងរកទីពឹង ក្នុងបាតាល បៀតបៀនព្រះសមណគោតម ហាក់ដូចជាប្រហារនូវដង្គត់ត្រង់ទ្រូង (ខ្លួនឯង) ចូរនាងទាំងឡាយចេញទៅ។