ធម៌នេះ ជាធម៌របស់បុរាណាចារ្យ ជនពួកខ្លះ កាលទ្រព្យមានតិច ក៏នៅតែឲ្យទានបាន ជនពួកខ្លះ សូម្បីសម្បូណ៌ទ្រព្យច្រើន ក៏ឲ្យទានមិនកើត ទក្ខិណាទាន ដែលគេបែងអំពីទ្រព្យតិច ហើយឲ្យ រមែងមានផលស្មើគ្នានឹងទានរាប់ពាន់។
[៩១] លំដាប់នោះឯង ទេវតាមួយអង្គទៀត បានពោលគាថាទាំងឡាយនេះ ក្នុងសំណាក់នៃព្រះមានព្រះភាគថា
កាលបើពួកសប្បុរស កំពុងឲ្យរបស់ដែលឲ្យបានដោយកម្រ កំពុងធ្វើអំពើដែលធ្វើបានដោយកម្រ ពួកអសប្បុរស ធ្វើតាមមិនបាន (ព្រោះ) ធម៌របស់ពួកសប្បុរស គឺពួកអសប្បុរសប្រព្រឹត្តតាមបានដោយកម្រ ព្រោះហេតុនោះ គតិរបស់ពួកសប្បុរស និងអសប្បុរស រមែងផ្សេងគ្នា អំពីលោកនេះទៅ គឺពួកអសប្បុរស ទៅកាន់នរក ពួកសប្បុរស ទៅកាន់ឋានសួគ៌។
លំដាប់នោះឯង ទេវតាមួយអង្គទៀត បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតរបស់អ្នកណាហ្ន៎ ជាសុភាសិត។