ប៉ុន្តែការសង្រួម គឺការមិនបៀតបៀន ក្នុងសត្វទាំងឡាយ ក៏រិតតែជាការប្រពៃណាស់ បុគ្គលណា មិនប្រព្រឹត្តបៀតបៀននូវសត្វទាំងឡាយ មិនធ្វើបាប ព្រោះខ្លាចការតិះដៀលអំពីអ្នកដទៃ ជនទាំងឡាយ តែងសរសើរបុគ្គលខ្លាចបាប មិនសរសើរបុគ្គលក្លៀវក្លា ក្នុងបាបនោះទេ ឯពួកសប្បុរសមិនធ្វើបាប ព្រោះខ្លាចបាប។
[១០២] លំដាប់នោះ ទេវតាដទៃទៀត បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះមានព្រះភាគ ភាសិតរបស់អ្នកណាហ្ន៎ ជាសុភាសិត។
[១០៣] ព្រះមានព្រះភាគត្រាស់ថា ភាសិត របស់អ្នកទាំងឡាយគ្រប់គ្នា ជាសុភាសិត ដោយបរិយាយដែរហើយ តែអ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគតវិញថា
ការឲ្យដោយសទ្ធា អ្នកប្រាជ្ញសរសើរ ដោយចំណែកច្រើនប្រការ តែថា ធម៌ជាឧបាយដើម្បីព្រះនិព្វាន ត្រឹមតែ១បទ ក៏ប្រសើរក្រៃលែងជាងទានទៅទៀត ព្រោះសប្បុរសទាំងឡាយជាន់ដើម ឬជាន់ដើមទៅទៀត ដែលជាអ្នកប្រកបដោយប្រាជ្ញា ក៏បានដល់ព្រះនិព្វានមែនពិត។