[១១០] ព្រះមានព្រះភាគ ត្រាស់ថា បដិបទានេះឯង ជាបដិបទាដ៏មាំ ពួកអ្នកប្រាជ្ញមានឈាន រមែងរួចចាកចំណងមារ ដោយបដិបទាណា បុគ្គល មិនអាចប្រតិបត្តិបដិបទានេះ ដោយគ្រាន់តែចេះនិយាយ ឬគ្រាន់តែស្តាប់ ដោយចំណែកមួយទេ ពួកអ្នកប្រាជ្ញ ដឹងច្បាស់នូវហេតុក្នុងលោក បានដឹងនូវចតុសច្ចធម៌ ជាអ្នករំលត់កិលេស បានឆ្លងនូវតណ្ហា ដែលផ្សាយទៅក្នុងលោក រមែងមិននិយាយអួតទេ។
[១១១] គ្រានោះឯង ទេវតាទាំងឡាយនោះ ប្រតិស្ឋានលើប្រឹថពី ហើយក្រាបសីរ្សៈទៀបព្រះបាទ នៃព្រះមានព្រះភាគ ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសដែលប្រព្រឹត្តកន្លងគ្របសង្កត់ហើយ នូវខ្ញុំព្រះអង្គទាំងឡាយ តាមដោយខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកល្ងង់ខ្លៅ ជាអ្នកវង្វេង ជាអ្នកមិនឈ្លាស ខ្ញុំព្រះអង្គទាំងឡាយណា បានមើលងាយព្រះមានព្រះភាគ ដែលជាបុគ្គលមិនគួរបៀតបៀន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវទោស ដែលប្រព្រឹត្តកន្លង គ្របសង្កត់ហើយ ដល់ខ្ញុំព្រះអង្គទាំងឡាយនោះ ដើម្បីនឹងសង្រួមតទៅ។ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើការញញឹមឲ្យប្រាកដឡើង។