ជរា និងមរណៈឆេះយ៉ាងនេះ ត្រូវតែនាំទ្រព្យចេញ ដោយទានកុំខាន ទានដែលបុគ្គលឲ្យហើយ ឈ្មោះថា នាំចេញដោយល្អ វត្ថុដែលបុគ្គលឲ្យហើយ ជាវត្ថុមានសុខជាផល វត្ថុដែលបុគ្គលមិនឲ្យហើយ ជាវត្ថុមិនមានសុខជាផលទេ ពួកចោរតែងនាំទៅ ពួករាជការតែងរឹបយក ភ្លើងតែងឆេះវិនាសទៅ ពុំនោះសោត វេលាស្លាប់ទៅ ក៏រមែងលះបង់នូវសរីរៈ និងរបស់ដែលបុគ្គលធ្លាប់ហួងហែង អ្នកប្រាជ្ញដឹងនូវសេចក្តីនេះហើយ គប្បីបរិភោគផង ឲ្យទានផង បុគ្គលឲ្យទាន ទាំងបរិភោគ ឲ្យសមគួរតាមសភាពហើយ គេមិនដែលនិន្ទាទេ តែងបានទៅកើតក្នុងឋានសួគ៌។