ទេវបុត្តសំយុត្ត
កស្សបវគ្គ ទី១
បឋមកស្សបសូត្រ ទី១
[២២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវបុត្តឈ្មោះ កស្សប មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូលឲ្យភ្លឺ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំដោយគោរព ចំពោះព្រះមានព្រះភាគហើយ ឋិតនៅក្នុងទីសមគួរ។ លុះកស្សបទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់ទូន្មានភិក្ខុ ឯខ្ញុំព្រះអង្គ មិនបានប្រៀនប្រដៅភិក្ខុទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលកស្សប បើដូច្នោះ ពាក្យប្រៀនប្រដៅ និងដម្បូន្មាន (នុ៎ះ) ចូរតាំងឡើងប្រាកដក្នុងទីនេះចុះ។