ក្នុងលោកនេះ បុគ្គលអ្នកប្រាថ្នានូវមានះ រមែងមិនមានការទូន្មានឥន្ទ្រិយ បុគ្គលអ្នកមានចិត្តមិនតាំងមាំ រមែងមិនមានបញ្ញា បុគ្គលជាអ្នកប្រមាទ ទុកជានៅក្នុងព្រៃតែម្នាក់ឯង ក៏ឆ្លងនូវទីនៅ របស់មារទៅព្រះនិព្វាន ពុំបានឡើយ។ បុគ្គលណា លះមានះបានហើយ មានចិត្តតម្កល់នៅ ដោយប្រពៃ មានចិត្តផូរផង់ រួចស្រឡះចាកធម៌ ជាគ្រឿងសៅហ្មងទាំងពួង នៅក្នុងព្រៃតែម្នាក់ឯង ជាអ្នកមិនប្រមាទ បុគ្គលនោះ ទើបឆ្លងនូវទីនៅ របស់មារ ទៅព្រះនិព្វានបាន។
បឋមបជ្ជុន្នធីតុសូត្រ ទី៩
[១៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះ កាលដែលវេលារាត្រីបឋមយាមកន្លងទៅហើយ ទេវតាឈ្មោះ កោកនទា ជាធីតា នៃ បជ្ជុន្នទេវរាជ មានរស្មីដ៏ល្អ ញុំាងមហាវ័នទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏អភិវាទព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។