ឯកមូលសូត្រ ទី៤
[១៤៣] ទេវតាទូលថា ឥសី បានឆ្លងហើយ នូវសមុទ្របាតាល ដែលមានមូលមួយ គឺតណ្ហា មានអន្លង់ពីរ គឺសស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ មានមន្ទិលបី គឺ រាគៈ ទោសៈ មោហៈ មានគ្រឿងផ្សាយចេញ ៥យ៉ាង គឺបញ្ចកាមគុណ មានកំនួចទឹក ១២ គឺ អាតយនៈ ទាំង១២។
អនោមិយសូត្រ ទី៥
[១៤៤] ទេវតាទូលថា អ្នកទាំងឡាយ ចូរមើលនូវព្រះមានព្រះភាគនោះ ព្រះអង្គមានព្រះនាមបរិបូណ៌ ព្រោះទ្រង់ប្រកបដោយគុណទាំងពួង ព្រះអង្គ ឃើញនូវប្រយោជន៍ ដ៏ល្អិតល្អ ជាអ្នកឲ្យនូវបញ្ញា ព្រះអង្គ មិនជាប់នៅក្នុងអាល័យ គឺកាម ព្រះអង្គត្រាស់ដឹងសព្វ ព្រះអង្គមានប្រាជ្ញាល្អ ព្រះអង្គស្តេចទៅក្នុងផ្លូវដ៏ប្រសើរ គឺ អរិយមគ្គ ព្រះអង្គស្វែងរកនូវគុណដ៏ធំ។