ឃដិករសូត្រ ទី១០
[១៥៤] ទេវតាទូលថា ភិក្ខុទាំង៧រូប បានទៅកើតក្នុងព្រហ្មលោក ឈ្មោះ អវិហា មានចិត្តរួចស្រឡះហើយ(១) មានរាគៈ ទោសៈ អស់ហើយ ឆ្លងនូវតណ្ហាក្នុងលោករួចហើយ។ ភិក្ខុទាំងឡាយណា បានឆ្លងនូវកិលេស ជាគ្រឿងចំពាក់ ជាទីតាំងនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក ភិក្ខុទាំងឡាយនោះ លុះលះបង់នូវរាងកាយ ជារបស់មនុស្សហើយ កន្លងនូវទិព្វយោគ គឺ សំយោជនៈ ទាំង៥ ជាចំណែកខាងលើ។ ភិក្ខុទាំងនោះគឺ ព្រះឧបកៈ១ ព្រះផលគណ្ឌៈ១ ព្រះបុក្កុសាតិ១ ជា៣រូប និងព្រះភទ្ទិយៈ១ ព្រះខណ្ឌទេវៈ១ ព្រះពហុទន្តី១ ព្រះសិង្គិយៈ១ (៤រូបនេះទៀត ជា៧) ភិក្ខុទាំងនោះ បានលះបង់នូវរាងកាយ ជារបស់មនុស្សហើយ ទើបកន្លងនូវទិព្វយោគបាន។
(១) រួចស្រឡះ ដោយអរហត្តផលវិមុត្តិ បន្ទាប់អំពីកាលដែលកើតក្នុងព្រហ្មលោក ឈ្មោះអវិហា។ អដ្ឋកថា។