ទើបអង្គុយលើអាសនៈដែលគេរៀបចំប្រគេន។ សម័យនោះឯង ធីតារបស់ស្រីរក្សាអារាមនោះឃើញទារកឯទៀតៗ ប្រដាប់តាក់តែងដោយផ្កាកម្រង ហើយក៏យំសុំថា ម៉ែចូរឱ្យផ្កាកម្រងមកខ្ញុំ ម៉ែចូរឱ្យគ្រឿងប្រដាប់ មកខ្ញុំ។ គ្រានោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុ បាននិយាយពាក្យនេះនឹងស្រីរក្សាអារាមនោះថា នាងទារិកានេះយំទារអ្វី។ ស្រីរក្សាអារាម ទូលថាលោកម្ចាស់ នាងទារិកានេះឃើញទារកឯទៀត ៗប្រដាប់តាក់តែង ដោយផ្កាកម្រង បានជាយំទារថា ម៉ែចូរឱ្យផ្កាកម្រងមកខ្ញុំ ម៉ែចូរឱ្យគ្រឿងប្រដាប់មកខ្ញុំ យើងខ្ញុំជាអ្នកក្រលំបាក នឹងបានផ្កាកម្រងមកពីណា នឹងបានគ្រឿងប្រដាប់មកពីណា។ ខណៈនោះ បិលិន្ទវច្ឆត្ថេរដ៏មានអាយុចាប់រង្វេលស្មៅ១ ហើយនិយាយពាក្យនេះនឹងស្រីរក្សាអារាមនោះថា ហ៏! នាងចូរបំពាក់រង្វេលស្មៅនេះលើក្បាលរបស់ក្មេងស្រីនោះចុះ។ ពេលនោះ ស្រីរក្សាអារាមនោះ យករង្វេលស្មៅនោះបំពាក់លើក្បាលរបស់នាងទារិកានោះ។ រង្វេលស្មៅនោះក៏ក្លាយជាកម្រងមាសល្អល្អះ មុខគួរពិតពិលរមិលមើល ជារបស់គួរស្រឡាញ់។ កម្រងមាសបែបនោះ សូម្បីក្នុងព្រះរាជវាំងស្ដេច ក៏រកគ្មានដែរ។ មនុស្សទាំងឡាយទៅក្រាបទូលព្រះបាទពិម្ពិសារសេនិយរាជជាធំក្នុងដែនមគធៈថា