[១៤១] ត្រង់ពាក្យថា ភេសជ្ជៈណាមួយដែលពួកភិក្ខុមានជម្ងឺគប្បីឆាន់បាន គឺ សប្បិ(១) របស់គោក្ដី សប្បិរបស់ពពែក្ដី សប្បិរបស់ក្របីក្ដី ឈ្មោះថាសប្បិ (ទឹកដោះរាវ)។ សាច់របស់សត្វទាំងឡាយណាដែលសមគួរដល់ពុទ្ធានុញ្ញាត សប្បិរបស់សត្វទាំងឡាយនោះ ក៏សមគួរដែរ។ ដែលហៅថា ទឹកដោះខាប់ គឺទឹកដោះខាប់របស់សត្វទាំងនោះឯង។ ប្រេងល្ង ប្រេងស្ពៃ ប្រេងស្រគំ ប្រេងល្ហុងខ្ញែរ ប្រេងធ្វើពីខ្លាញ់រាវ ឈ្មោះថា ប្រេង។ ទឹកផ្អែមកើតពីមេឃ្មុំជាដើម ឈ្មោះថាទឹកឃ្មុំ។ ទឹកកើតពីដើមអំពៅ ឈ្មោះថាទឹកអំពៅ។ ពាក្យថា ភិក្ខុទទួលភេសជ្ជៈនោះហើយ គួរទុកឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ មានអធិប្បាយថា ភេសជ្ជៈទាំងនោះគប្បីទុកឆាន់បានយ៉ាងយូរត្រឹម៧ថ្ងៃ។ បើទុកឱ្យកន្លងកំណត់នោះទៅ ភេសជ្ជៈនោះជានិស្សគ្គិយ គឺថា ជានិស្សិគ្គិយក្នុងកាលអរុណរះឡើងក្នុងថ្ងៃទី៨ ភេសជ្ជៈដែលជានិស្សគ្គិយ ភិក្ខុត្រូវលះបង់ដល់សង្ឃក៏បាន គណៈក៏បាន បុគ្គលក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវលះបង់យ៉ាងនេះ។បេ។ បពិត្រព្រះសង្ឃដ៏ចំរើន ភេសជ្ជៈរបស់ខ្ញុំនេះកន្លងហួស៧ថ្ងៃហើយ ជានិស្សគ្គិយវត្ថុ ខ្ញុំសូមលះបង់ភេសជ្ជៈនេះដល់សង្ឃ។ សេចក្ដីអំពីនេះទៅមានសេចក្ដីដូចគ្នានឹងសិក្ខាបទទី១ នៃចីវរវគ្គ។
(១) ទឹកដោះរាវរបស់គោ កេះ ពពែជាដើម ហៅថា សប្បិ ។