ពាក្យ​ថា​ ​បើ​ភិក្ខុ​នោះ​ ​សេចក្ដី​ថា​ម្ចាស់​ចីវរ​ឱ្យ​ត្បាញ​ចីវរ​ចំពោះ​ភិក្ខុ​អង្គ​ណា​ ​សំដៅយក​ភិក្ខុ​នោះ​។​ ​ពាក្យ​ថា​ ​គេ​មិនបាន​បវារណា​មក​ពីមុន​ ​គឺ​មិនបាន​និយាយ​គ្នា​ទុក​មក​ពីមុន​ថា​ ​បពិត្រ​លោកម្ចាស់​ ​លោក​ត្រូវការ​ចីវរ​យ៉ាងណា​ ​ខ្ញុំករុណា​នឹង​ឱ្យ​ជាង​ដម្បាញ​ត្បាញ​ចីវរ​យ៉ាងណា​ ​ប្រគេន​លោក​។​ ​ពាក្យ​ថា​ ​ចូល​ទៅ​រក​ជាង​ដម្បាញ​ ​គឺ​ទៅផ្ទះ​ជាង​ដម្បាញ​ ​ឬ​ចូល​ទៅ​រក​គេ​ក្នុង​កន្លែងណា​មួយ​។​ ​ពាក្យ​ថា​ ​ដល់​នូវ​កិរិយា​កំណត់​ក្នុង​ចីវរ​ ​គឺ​និយាយ​ថា​ ​នែអ្នក​ដ៏​មាន​អាយុ​ ​ចីវរ​នេះ​គេ​ឱ្យ​ត្បាញ​ចំពោះ​អាត្មា​ហើយ​ ​អ្នក​ទាំងឡាយ​ចូរ​ធ្វើ​ឱ្យ​វែង​ ​ឱ្យ​ទូលាយ​ ​ឱ្យ​សាច់​ញឹក​ ​ធ្វើ​ឱ្យ​ស្មើ​ល្អ​ ​រឹត​ឱ្យ​ ​តឹង​ល្អ​ ​ត្រដោះ​កួត​ឱ្យ​ល្អ​ ​និង​សិត​ឱ្យ​ល្អ​ ​សឹម​អាត្មាឯង​នឹង​ថែម​របស់​អ្វី​ ​ៗ​ ​ឱ្យ​ពួក​អ្នក​ដ៏​មាន​អាយុ​ខ្លះ​មិនខាន​។​ ​ពាក្យ​ថា​ ​ភិក្ខុ​នោះ​ ​លុះ​និយាយ​យ៉ាងនេះ​ហើយ​ ​ក៏​ថែម​រង្វាន់​បន្ដិចបន្ដួច​ឱ្យ​ ​ដោយហោចទៅ​ទុកជា​គ្រាន់តែ​ចង្ហាន់​បិណ្ឌបាត​ ​អធិប្បាយ​ថា​បបរ​ក្ដី​ ​បាយ​ក្ដី​របស់​គួរ​ទំពារ​ស៊ី​ក្ដី​ ​ហៅថា​ ​បិណ្ឌបាត​ ​ដោយហោចទៅ​ ​សូម្បី​ដុំ​លំអិត​សម្រាប់​ងូត​ក្ដី​ ​ឈើស្ទន់​ក្ដី​ ​អម្បោះ​រងជើង​ក្ដី​ ​ភិក្ខុ​សំដែងធម៌​ឱ្យ​ស្ដាប់​(​ក៏​ហៅថា​បិណ្ឌបាត​ក្នុង​សិក្ខាបទ​ ​នេះ​ដែរ​)​ ​បើ​ជាង​ដម្បាញ​ត្បាញ​ចីវរ​ឱ្យ​វែង​ក្ដី​ ​ឱ្យ​ទូលាយ​ក្ដី​ ​ឱ្យ​មានសាច់​ញឹក​ក្ដី​ ​តាម​ពាក្យ​(​បង្គាប់​)​ ​របស់​ភិក្ខុ​នោះ​ ​ត្រូវ​អាបត្ដិ​ទុក្កដ​តាម​ប្រយោគ​។​
ថយ | ទំព័រទី ២០០ | បន្ទាប់