គ្រានោះ​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​បាន​ក្រាបទូល​សេចក្ដី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ ​ព្រះ​ភាគ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​បេ​។​ ​ទ្រង់​សួរ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​ឧទាយិ​ ​ឮ​ថា​អ្នក​បាន​ប្រើ​នាង​ភិក្ខុនី​ឱ្យ​លាង​ចីវរ​ចាស់​ ​មែន​ឬ​។​ ​ឧទាយិ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​មែន​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សួរ​ថា​ ​ម្នាល​ឧទាយិ​ ​នាង​ភិក្ខុនី​នោះ​ ​ត្រូវជា​ញាតិ​ ​ឬមិន​មែន​ជា​ញាតិ​នឹង​អ្នក​ទេ​។​ ​ឧទាយិ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេ​ត្ដា​ប្រោស​ ​(​នាង​ភិក្ខុនី​នោះ​)​ ​មិន​ត្រូវជា​ញាតិ​នឹង​ខ្ញុំ​ព្រះអង្គ​ទេ​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថា​ ​នែ​មោឃបុរស​ ​ជន​មិនមែន​ ​ជា​ញាតិ​ ​មិន​ស្គាល់​អំពើ​សមគួរ​ ​ឬមិន​សមគួរ​ ​អំពើ​នាំមក​នូវ​សេចក្ដី​ជ្រះថ្លា​ ​ឬមិន​នាំមក​នូវ​សេចក្ដី​ជ្រះថ្លា​របស់​នាង​ភិក្ខុនី​ដែល​មិនមែន​ជា​ញាតិ​ ​(​នោះ​ទេ​)​ ​នែ​មោឃបុរស​ ​មិនសមបើ​អ្នក​ទៅ​ប្រើ​នាង​ភិក្ខុនី​ ​ដែល​មិនមែន​ជា​ញាតិ​ ​ឱ្យ​លាង​ចីវរ​ចាស់​សោះ​ ​នែ​មោឃបុរស​ ​អំពើ​ដែល​អ្នកឯង​ធ្វើ​នេះ​ ​មិនមែន​នាំ​ពួក​មនុស្ស​ដែល​មិនទាន់​ជ្រះថ្លា​ឱ្យ​បាន​ជ្រះថ្លា​ឡើង​ ​ឬ​មនុស្ស​ដែល​ជ្រះថ្លា​ស្រាប់ហើយ​ ​ឱ្យ​រឹងរឹតតែ​ជ្រះថ្លា​ឡើង​ទៀត​ ​(​នោះ​)​ ​ទេ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ត្រូវ​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ ​ប្រើ​នាង​ភិក្ខុនី​ដែល​មិនមែន​ជា​ញាតិ​ឱ្យ​លាង​ក្ដី​ ​ឱ្យ​ជ្រលក់​ក្ដី​ ​ឱ្យ​គក់​ឬ​បោក​ក្ដី​ ​នូវ​ចីវរ​ចាស់​ ​ភិក្ខុ​នោះ​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​ ​។
ថយ | ទំព័រទី ៣៥ | បន្ទាប់