គប្បី​សំដែង​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​សុំ​ចីវរ​ចំពោះ​គហបតី​ក្ដី​ ​គហបតានី​ក្ដី​ ​ដែល​មិនមែន​ជា​ញាតិ​ ​(​ភិក្ខុ​នោះ​)​ ​ត្រូវ​និ​ស្ស​គ្គិ​យ​បា​ចិ​ត្ដិយ​។​ ​សិក្ខាបទ​នេះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញ​ត្ដ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ហើយ​។​
 [​៥៤​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ជាច្រើន​ចេញ​អំពី​ក្រុង​សាកេ​ត​ ​ដើរតាម​ផ្លូវ​ឆ្ងាយ​ទៅកាន់​ក្រុង​សាវត្ថី​។​ ​ពួក​ចោរ​ចេញ​មក​ដណ្ដើម​ ​(​យក​បាត្រ​និង​ចីវរ​)​ ​របស់​ភិក្ខុ​ទាំងនោះ​ក្នុង​ពាក់កណ្ដាល​ផ្លូវ​។​ ​លំដាប់នោះ​ ​ភិក្ខុ​អម្បាល​នោះ​រង្កៀស​ក្នុង​ចិត្ដ​ថា​ ​ការ​សុំ​ចីវរ​ចំពោះ​គហបតី​ក្ដី​ ​គហបតានី​ក្ដី​ ​ដែល​មិនមែន​ជា​ញាតិ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ហាម​ហើយ​ ​ហើយ​មិន​ហ៊ាន​សុំ​ចីវរ​ ​ក៏​ដើរ​ទាំង​អាក្រាត​ ​ធ្លាំង​ទៅកាន់​ក្រុង​សាវត្ថី​ ​ហើយ​ថ្វាយបង្គំ​ភិក្ខុ​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ក៏​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​នែ​អាវុសោ​ទាំងឡាយ​ ​អាជីវក​អស់នេះ​ល្អ​ ​ចេះ​សំពះ​ភិក្ខុ​ទាំងឡាយ​ដែរ​។​ ​ភិក្ខុ​ ​អាក្រាត​ទាំងនោះ​និយាយ​ថា​ ​ម្នាល​អាវុសោ​ ​យើង​មិនមែន​អាជីវក​ទេ​ ​យើង​ក៏​ភិក្ខុ​ដែរ​។​ ​ពួក​ភិក្ខុ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​ថា​ ​នែ​ឧបាលិ​ដ៏​មាន​អាយុ​ ​និ​មន្ដ​លោក​សង្កេត​សួរ​មនុស្ស​អាក្រាត​អស់នេះ​មើល​។​ ​ភិក្ខុ​អាក្រាត​ទាំងឡាយ​នេះ​ ​លុះ​ព្រះ​ឧបាលិ​ដ៏​មាន​អាយុ​សង្កេត​សួរ​ ​ក៏បាន​ប្រាប់​ដំណើរ​នុ៎ះ​ ​(​ដោយសព្វគ្រប់​)​។
ថយ | ទំព័រទី ៥២ | បន្ទាប់