[២០១] ម្នាលគហបតី ភាសិតសង្ខេបនេះ ត្រូវយល់សេចក្តីដោយពិស្តារ ដូចម្តេចទៅ។ បពិត្រព្រះករុណាដ៏ចំរើន នេះប្រាកដជាពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយឬ។ អើ គហបតី។ បពិត្រព្រះករុណាដ៏ចំរើន បើដូច្នោះ សូមព្រះករុណា រង់ចាំមួយរំពេចសិន ទំរាំខ្ញុំព្រះករុណា ពិចារណា នូវអត្ថនៃភាសិតនេះ។ លំដាប់នោះ ចិត្តគហបតីស្ងៀមតែមួយរំពេច ហើយក៏ពោលតប ទៅនឹងព្រះកាមភូដ៏មានអាយុ ដូច្នេះថា បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា អវយវៈឥតទោសនេះ ជាឈ្មោះ របស់សីល។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា មានគ្រឿងពាសមានពណ៌សនេះ ជាឈ្មោះនៃវិមុត្តិ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា មានកាំតែមួយនេះ ជាឈ្មោះ នៃសតិ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា តែងប្រព្រឹត្តទៅនេះ ជាឈ្មោះនៃការឈានទៅមុខ និងថយក្រោយ។ បពិត្រព្រះករុណាដ៏ចំរើន ពាក្យថា រថនេះ ជាឈ្មោះ នៃកាយនេះ ដែលប្រកបដោយមហាភូតរូប ៤ កើតព្រមអំពីមាតា និងបិតា មានសេចក្តីចំរើនដោយជាតិបាយ និងនំ ជាសភាវៈមិនទៀង