[២៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា។ គ្រានោះ អសិពន្ធកបុត្តគាមណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអសិពន្ធកបុត្តគាមណី អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ព្រះអង្គជាអ្នកអនុគ្រោះ ដើម្បីប្រយោជន៍ ដល់សត្វទាំងពួង មែនឬ។ ព្រះដ៏មានព្រះភាគត្រាស់ថា យ៉ាងហ្នឹងហើយ គាមណី ព្រះតថាគត ជាអ្នកអនុគ្រោះ ដើម្បីប្រយោជន៍ ដល់សត្វទាំងពួងមែន។ បពិត្រព្រះអង្គដ៏ចំរើន ចុះដូចម្តេច បានជាចួនកាលព្រះដ៏មានព្រះភាគ សំដែងធម៌ ដល់ជនពួកខ្លះ ដោយអើពើ សំដែងធម៌ដល់ជនពួកខ្លះ ដោយមិនអើពើ។ ម្នាលគាមណី បើដូច្នោះ មានតែតថាគត នឹងត្រឡប់សួរអ្នក ក្នុងដំណើរនេះវិញ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលគាមណី អ្នកយល់សេចក្តីនោះ ដូចម្តេច គហបតី អ្នកភ្ជួររាស់ ក្នុងលោកនេះ មានស្រែ ៣ គឺស្រែ ១ យ៉ាងល្អ ស្រែ ១ យ៉ាងកណ្តាល ស្រែ ១ យ៉ាងអន់ ជាដីទួល ដីប្រៃ ដីអាក្រក់។