[២៥៧] ម្នាលគាមណី ចំណែកខាងព្រះតថាគត ជាអ្នកឆ្ងាយចាកសឹកសត្រូវ គឺកិលេស ត្រាស់ដឹងដោយប្រពៃចំពោះខ្លួន បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ដឹងច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីទូន្មាននូវបុរស ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវសច្ចៈធម៌ មានដំណើរទៅកាន់ត្រៃភពខ្ជាក់ចោលហើយ បានកើតឡើងហើយ ក្នុងលោកនេះ។ ព្រះតថាគតនោះ តែងបន្ទោស បន្តុះបង្អាប់ នូវបាណាតិបាតផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកបាណាតិបាតផង តែងបន្ទោស បន្តុះបង្អាប់ នូវអទិន្នាទានផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកអទ្និនាទានផង តែងបន្ទោស បន្តុះបង្អាប់ នូវកាមេសុមិច្ឆាចារផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកកាមេសុមិច្ឆាចារផង តែងបន្ទោស បន្តុះបង្អាប់ នូវមុសាវាទផង សំដែងប្រាប់ថា ចូរអ្នកទាំងឡាយ វៀរចាកមុសាវាទផង ដោយអនេកបរិយាយ។ ម្នាលគាមណី សាវក ក៏មានសេចក្តីជ្រះថ្លានឹងព្រះសាស្តានោះឯង។ សាវកនោះ ពិចារណា ដូច្នេះថា ព្រះដ៏មានព្រះភាគ តែងបន្ទោស បន្តុះបង្អាប់ នូវបាណាតិបាតផង
