ទិសទី ៣ ដូចគ្នា។ ទិសទី ៤ ដូចគ្នា។ មានចិត្តប្រកបដោយមេត្តា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូច ៗ ដោយយកខ្លួនមកប្រៀបផ្ទឹមនឹងសត្វទាំងពួង ក្នុងទីទាំងពួង ហើយសម្រេចសម្រាន្តនៅ ដោយប្រការដូច្នេះ។ ម្នាលគាមណី បុរសអ្នកផ្លុំស័ង្ខដ៏មានកម្លាំង តែងញុំាងជនក្នុងទិសទាំង ៤ ឲ្យដឹងបាន ដោយមិនលំបាក យ៉ាងណាមិញ។ ម្នាលគាមណី មេត្តាចេតោវិមុត្តិ កាលបើបុគ្គល បានចំរើនយ៉ាងនេះហើយ ធ្វើឲ្យច្រើន យ៉ាងនេះហើយ កាមាវចរកម្មឯណា ដែលបុគ្គលធ្វើត្រូវប្រមាណ កម្មនោះ មិនក្រាញនៅតែត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះ មិនឋិតនៅត្រឹមរូបារូបាវចរកម្មប៉ុណ្ណោះទេ ក៏យ៉ាងនោះដែរ។ ម្នាលគាមណី លុះអរិយសាវកនោះឯង ជាអ្នកប្រាសចាកអភិជ្ឈា ប្រាសចាកព្យាបាទ យ៉ាងនេះហើយ ក៏ជាអ្នកមិនមានសេចក្តីវង្វេង មានសេចក្តីដឹងសព្វគ្រប់ មានស្មារតីខ្ជាប់ខ្ជួន មានចិត្តប្រកបដោយករុណា។ មានចិត្តប្រកបដោយមុទិតា។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ដូចគ្នា។ ទិសទី ៣ ដូចគ្នា។
