អន្តរាកថានេះ កើតឡើងដល់ពួកជន ដែលអង្គុយចួបជុំគ្នា នាកណ្តាលរាជបរិស័ទ ខាងក្នុងព្រះរាជវាំងនេះថា មាស និងប្រាក់ គួរដល់ពួកសមណសក្យបុត្តយ៍ ពួកសមណសក្យបុត្តយ៍ ក៏ត្រេកអរចំពោះមាស និងប្រាក់បាន ពួកសមណសក្យបុត្តយ៍ ទទួលនូវមាស និងប្រាក់បាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេនិយាយ យ៉ាងនេះ ខ្ញុំព្រះអង្គ ក៏និយាយនឹងបរិស័ទទាំងនោះ ដូច្នេះថា បពិត្រអស់លោកទាំងឡាយ លោកទាំងឡាយ កុំពោលយ៉ាងនេះឡើយ មាសនិងប្រាក់ មិនគួរដល់ពួក សមណសក្យបុត្តិយ៍ទេ ពួកសមណសក្យបុត្តិយ៍ មិនត្រេកអរ ចំពោះមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ មិនទទួលនូវមាស និងប្រាក់ទេ ពួកសមណសក្យបុត្តិយ៍ លះចោលកែវមណី និងមាសហើយ ប្រាសចាកមាស និងប្រាក់ហើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនអាចនឹងញុំាងបរិស័ទនោះ ឲ្យយល់បានសោះ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលត្រូវតាមព្រះបន្ទូលព្រះដ៏មានព្រះភាគផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយនូវធម៌ សមគួរដល់ធម៌ផង លំនាំពាក្យតូចធំណាមួយ ជាពាក្យប្រកបដោយធម៌ មិនដល់នូវហេតុគប្បីតិះដៀលផង បានដែរឬ ។
