[៣៩៩] បពិត្រមហារាជ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ បុគ្គល កាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយរូបណា រូបនោះ ព្រះតថាគត ក៏បានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រមហារាជ ព្រះតថាគត ផុតចាកការរាប់នូវរូប ជាបុគ្គលជ្រៅ កំណត់ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក បពិត្រមហារាជ ដូចជាមហាសមុទ្រដែរ។ ព្រះតថាគត មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ មិនកើតទៀតក្តី មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតខ្លះក៏មាន មិនកើតទៀតខ្លះក៏មាន មិនប្រកាន់ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី។ បុគ្គល កាលបញ្ញត្ត គួរបញ្ញត្តនូវសត្វ ដោយវេទនាឯណា វេទនានោះ ព្រះតថាគត បានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅទៀតឡើយ។ បពិត្រមហារាជ ព្រះតថាគត ផុតចាកការរាប់ដោយវេទនា ជាបុគ្គលជ្រៅ កំណត់ ប្រមាណមិនបាន ស្ទង់បានដោយកម្រក្រៃពេក បពិត្រមហារាជ ដូចជាមហាសមុទ្រ ដែរ។