ដែលជាសស្សតវាទ ការព្យាករណ៍នេះ មុខជានឹងមានជាមួយនឹងពួកសមណព្រាហ្មណ៍ ជាសស្សតវាទទាំងនោះហើយ។ ម្នាលអានន្ទ ក៏ឯតថាគត កាលបើវច្ឆគោត្តបរិព្វាជក សួរថា ខ្លួនគ្មានទេឬ គប្បីព្យាករដល់វច្ឆគោត្តបរិព្វាជកថា ខ្លួនគ្មានទេ។ ម្នាលអានន្ទ ពួកសមណព្រាហ្មណ៍ទាំងអម្បាលម៉ាន ដែលជាឧច្ឆេទវាទ សេចក្តីព្យាករនេះ មុខជានឹងមានជាមួយនឹងពួកសមណព្រាហ្មណ៍ ជាឧច្ឆេទវាទទាំងនោះហើយ។ ម្នាលអានន្ទ ក៏ឯតថាគត កាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនមានដែរឬ គប្បីព្យាករដល់វច្ឆគោត្តបរិព្វាជកថា ខ្លួនមាន។ ម្នាលអានន្ទ ចុះពាក្យព្យាករណ៍នេះ ជាការប្រព្រឹត្តទៅ ដ៏សមគួរ ដើម្បីឲ្យកើតញាណថា ធម៌ទាំងឡាយទាំងពួង ជាអនត្តា ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ មិនមានទេ។ ម្នាលអានន្ទ ក៏ឯតថាគត កាលបើវច្ឆគោត្តបរិព្វាជកសួរថា ខ្លួនគ្មានទេឬ គប្បីព្យាករថា ខ្លួនគ្មាន។ ម្នាលអានន្ទ ពាក្យព្យាករណ៍នុ៎ះ នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តីវង្វេងជ្រុល ដល់វច្ឆគោត្តបរិព្វាជក ជាអ្នកវង្វេងស្រាប់ថា ខ្លួនរបស់អាត្មាអញ កាលពីមុន មានដោយពិតហើយ ខ្លួននោះមិនមានក្នុងកាលឥឡូវនេះទេ។ ចប់ សូត្រ ទី១០។
