អដ្ឋសតបរិយាយវគ្គ
[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង មោឡិយសិវកបរិព្វាជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររព្ញកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះមោឡិយសិវកបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍ពួកមួយ ជាអ្នកមានវាទៈ យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុរសបុគ្គលនេះ តែងសោយនូវវេទនាណាមួយ ជាសុខក្តី ទុក្ខក្តី មិនទុក្ខមិនសុខក្តី ការសោយវេទនាទាំងអស់នោះ មានកម្មដែលខ្លួនបានធ្វើហើយ ក្នុងកាលមុន ជាហេតុ។ ចុះព្រះគោតមដ៏ចំរើន ទ្រង់ត្រាស់ដូចម្តេច ក្នុងហេតុនេះ។ ម្នាលសិវកៈ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ មានប្រមាត់ជាសមុដ្ឋានកើតឡើង ក៏មាន។ ការសោយអារម្មណ៍ពួកខ្លះ ក្នុងលោកនេះ មានប្រមាត់ជាសមុដ្ឋានកើតឡើង ក៏មាន យ៉ាងណា ម្នាលសិវកៈ ដំណើរនុ៎ះ បុគ្គល គប្បីដឹងច្បាស់ ដោយខ្លួនឯង យ៉ាងនោះចុះ។