ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់ពលករណីយវគ្គ ឲ្យពិស្តារផងចុះ)។
ចប់ ពលករណីយវគ្គ ទី១១។
ឧទ្ទាននៃពលករណីយវគ្គនោះ គឺ
និយាយអំពីការងារដែលត្រូវធើ្វដោយកម្លាំង១ អំពីពីជគាម និងភូតគាមដែលលូតលាស់១ អំពីនាគអាស្រ័យនៅក្នុងភ្នំ១ អំពីដើមឈើ១ អំពីក្អមផ្កាប់១ អំពីចុងស្រួចនៃស្រូវ១ អំពីខ្យល់ឯអាកាស១ អំពីភ្លៀង ពីរលើក អំពីនាវា១ អំពីពួកមនុស្ស មកកាន់ផ្ទះសម្រាប់ទទួលភ្ញៀវ១ អំពីទន្លេគង្គា១។