[៣៣២] ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាងនេះឯង។បេ។ (ភិក្ខុចំរើន នូវសម្មាទិដ្ឋិ) មានការកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ ចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ (ភិក្ខុគប្បីចំរើន នូវមគ្គ) ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវតណ្ហា ៣យ៉ាងនេះឯង។បេ។ ភិក្ខុគប្បីចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះ។
ចប់ ឯសនាវគ្គ ទី១២។
ឧទ្ទាននៃឯសនាវគ្គនោះ គឺ
និយាយអំពីការស្វែងរក១ អំពីការប្រកាន់១ អំពីអាសវៈ១ អំពីទុក្ខតាធម៌១ អំពីសសរគោល ៣យ៉ាង១ អំពីមន្ទិល១ អំពីសេចក្តីលំបាក១ អំពីវេទនា១ អំពីការអស់ទៅ នៃតណ្ហា ២លើក។